ប្រវត្តិរបស់សូក្រាត (Socrates)



ទស្សនវិទូ (៤៧០ BCE - ៣៩៩ BCE)

សូក្រាត​គឺជា​ទស្សនវិទូ​ជនជាតិក្រិចមួយរូប​ និង​ជាប្រភព​នៃ​ទស្សនៈលោកខាងលិច។ មានប្រភព​ព័ត៌មាន​តិចតួច​ណាស់​អំពីជីវិត​របស់​គាត់ ក្រៅពី​អ្វីដែល​សិស្ស​របស់លោកដូចជា​ ផ្លា​តូ (Plato) បាន​កត់ត្រា។
សង្ខេប
សូក្រាត​កើតនៅ​ឆ្នាំ ៤៧០ មុនគ្រឹស្ត​សករាជ នៅទីក្រុង​អាតែន ប្រទេសក្រិច។ យើង​ដឹង​អំពីជីវិត​របស់​គាត់​​តាមរយៈ​សំណេរ​របស់​សិស្សគាត់ រួមមាន​ផ្លាតូ និង​សេនូហ្វូន (Xenophon)។ វិធីសាស្ត្រ​​សូក្រាត​​​បាន​ផ្ដល់​មូលដ្ឋាន​ដល់​ប្រព័ន្ធ​តក្កវិជ្ជា និង​ទស្សនវិជ្ជា​នៅ​លោក​ខាងលិច។ នៅពេល​មាន​ការផ្លាស់​ប្ដូរ​​បរិយាកាស​នយោបាយ​នៅ​ប្រទេសក្រិច សូក្រាត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​លេបថ្នាំពុល​នៅ​ឆ្នាំ ៣៩៩ មុនគ្រឹស្ត​សករាជ។ គាត់​សុខចិត្ត​​ទទួល​ការ​កាត់ទោសនេះ​ ក៏​មិន​ព្រម
​និរទេស​ខ្លួន​ដែរ។
ប្រវត្តិដើម
សូក្រាត​កើតនៅ​ឆ្នាំ​៤៧០ មុន​គ្រឹស្តសករាជ​នៅ​ទីក្រុង​អាតែន ប្រទេស​ក្រិច។ ជីវិត​របស់​សូក្រាត​ទទួល​បានការ​ដឹងឮតាម​រយៈ​ប្រភពតែ​ពីរឬបីប៉ុណ្ណោះ គឺ​ការ​សន្ទនា​រវាង​​ផ្លាតូ និង​សេនូហ្វូន និង​​ល្ខោន​របស់​​អារីស្តូហ្វេន (Aristophanes)។ ដោយសារ​សំណេរ​ទាំងនេះ​មិនមែន​មាន​គោលបំណង​​រៀបរាប់អំពីជីវិតរបស់គាត់ បច្ចុប្បន្ន​នេះ ពុំ​មាន​​ឯកសារ​ណា​ដែលអះអាងថា​រៀបរាប់​ពីជីវិតគាត់​បាន​ត្រឹមត្រូវ​នោះទេ។ ទោះជាយ៉ាង​ណា ​ការ​ប្រមូល​ផ្ដុំឯកសារជាច្រើន​​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិសេស និង​រស់រវើក​អំពី​ទស្សនវិជ្ជា និង​​អត្តចរិក​របស់​សូក្រាត។
សូក្រាត​គឺជា​កូនប្រុស​របស់​សូហ្វ្រូនីឃើស (Sophroniscus) ជា​ជាង​ថ្មបាយអរ និង​​ជាង​ចម្លាក់​នៅអាតែន​ និង​ផេណារ៉េត (Phaenarete) ជា​ឆ្មប។ ដោយសារ​គាត់​មិន​មែន​មកពីគ្រួសារ​អភិជន គាត់​ប្រហែលជាបាន​ទទួល​ការ​អប់រំមូលដ្ឋានរបស់​ក្រិច​ និង​រៀន​សិប្បកម្ម​ពី​​ឪពុក​គាត់​​នៅ​វ័យក្មេង។ មានជំនឿថា ​សូក្រាត​បានធ្វើការ​ជា​ជាងបាយអរ​អស់រយៈពេល​ជាច្រើនឆ្នាំ​ មុន​នឹង​គាត់​​បូជាជីវិតរបស់គាត់​ទៅ​លើ​ទស្សនវិជ្ជា។ ​កំណត់​ត្រា​អំពី​ការ​ចិញ្ចឹម​ជីវិតរបស់​សូក្រាត​តាមរយៈ​ការ​ធ្វើជា​ទស្សនវិទូ​មានភាព​ខុសគ្នា។ ទាំង​សេនូហ្វូន និង​អារីស្ដូហ្វេន​បាន​លើកឡើងថា សូក្រាត​បានទទួល​ប្រាក់ពី​ការបង្រៀន ប៉ុន្តែផ្លា​តូសរសេរដោយលើក​​យក​ភាព​ក្រីក្ររបស់សូក្រាត​​ជាភស្តុតាង​ថា សូក្រាត​បាន​បដិសេធដោយ​បើកចំហរ​ថា​​មិនទទួល​ប្រាក់ពីការ​បង្រៀនទេ។
 សូក្រាត​បានរៀបការ​ជាមួយ​សេនធីប៉េ (Xanthippe) ជាស្ត្រី​ដែល​មានវ័យក្មេងជាងគាត់ ហើយ​បាន​​បង្កើតកូន​ប្រុស​បីនាក់ឱ្យគាត់គឺ ឡាំប្រូខល (Lamprocles) សូប្រូនីស្គូស (Sophroniscus) និង មែននេច​សែន​នើស (Menexenus)។ ពុំមានការដឹងច្រើនអំពី​គ្រួសារគាត់​ឡើយ​​ ក្រៅពី​ការ​រៀបរាប់​របស់​សេននូហ្វូនអំពីអត្តចរិក​របស់​​សេនធីប៉េថា “មិនគួរ​ឱ្យ​ចូលចិត្ត”។ គាត់​សរសេរថា ប្រពន្ធ​របស់​សូក្រាត​​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​អាជីពទីពីររបស់​សូក្រាតទេ ហើយ​បាន​រអ៊ូរថា គាត់​មិនអាច​ទ្រទ្រង់​គ្រួសារ​បាន​តាម​អាជីពជា​ទស្សនវិទូនេះបានទេ។ តាម​ពាក្យ​សម្តីផ្ទាល់របស់គាត់ សូក្រាត​​ខ្វាយខ្វល់តិចតួច​ណាស់​អំពី​​ការ​ថែទាំកូន​របស់គាត់ ហើយ​បង្ហាញចំណាប់អារម្មណ៍​ច្រើន​លើ​ការ​អភិវឌ្ឍន៍​​ប្រាជ្ញា​របស់​មនុស្ស​ប្រុស​វ័យ​ក្មេង​នៅ​អាតែន។
ច្បាប់​អាតែន​​តម្រូវ​ឱ្យ​បុរស​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់ទាំងអស់​ឱ្យ​ធ្វើ​​ជា​ទាហាន​តាម​ការ​កោះហៅ​​ ដើម្បី​បំពេញ​តួនាទី​ចាប់ពី​អាយុ ១៨ ឆ្នាំ​ដល់​អាយុ ៦០ ឆ្នាំ។ យោងតាម​ផ្លាតូ សូក្រាត​បាន​​បម្រើ​នៅក្នុង​​អង្គភាព​ទាហាន​ថ្មើរជើង​ប្រដាប់​អាវុធ​ ដែលគេហៅថា ហបលីត (Hoplite) ដោយ​មាន​ខែល លំពែងវែង និង​ម៉ាស់បិទមុខ។ គាត់​បានចូលរួម​ក្នុង​​យុទ្ធនាការ​យោធាចំនួនបី​ក្នុងអំឡុង​សង្គ្រាម​ឧបទ្វីប​ប៉េឡូប៉ូនេស៊ី (Peloponnesian War) នៅ​ឌែលៀម (Delium) អាម​ហ្វីប៉ូលីស (Amphipolis) និង​ប៉ូទីដាអៀ (Potidaea) ជាកន្លែង​ដែល​គាត់​បាន​ជួយ​សង្គ្រោះជីវិត អាល់​ស៊ី​បៀដេស (Alcibiades) ជា​ឧត្តមសេនីយ៍​ដ៏​មានប្រជាប្រិយ​មួយរូបនៅអាតែន។ សូក្រាត​​មាន​ភាព​ល្បីល្បាញ​​ដោយសារ​​ភាព​ក្លាហានរបស់គាត់​នៅក្នុង​​ការប្រយុទ្ធ​ និង​ភាព​មិនចេះភ័យខ្លាច ជា​លក្ខណៈ​សម្បត្តិ​មួយ ដែល​ស្ថិតនៅ​ជាមួយ​គាត់​​ពេញមួយ​ជីវិត។ ​បន្ទាប់ពី​​ការជំនុំ​ជម្រះក្ដីរបស់គាត់ និង​នៅពេល​ទទួល​ការគំរាមកំហែង​កាត់ទោសប្រហារជីវិត គាត់​បាន​ប្រៀបធៀប​​ការ​បដិសេធ​មិន​រត់ចេញ​ពី​បញ្ហា​ផ្លូវច្បាប់របស់គាត់​ ទៅ​នឹង​ការ​បដិសេធ​របស់​ទាហាន​មិន​រត់ចេញ​ពី​ការប្រយុទ្ធ​អីចឹង។
អត្ថបទទស្សនវិជ្ជា ស៊ីមភូសៀម (Symposium) របស់​ផ្លាតូ​ បានផ្ដល់​​ព័ត៌មាន​លម្អិត​អំពី​រូបរាង​​​របស់​សូក្រាត។ គាត់​មិនមែនជា​មនុស្ស​មាន​សាច់ដុំ​ដែល​អ្នក​នៅអាតែនប្រាថ្នា​ចង់បាននោះទេ។ សូក្រាត​​មាន​រាង​ទាបកន្តុល ច្រមុះ​សំប៉ែត និង​ភ្នែកលៀន ហើយ​​មើលទៅហាក់ដូចជា​សំឡក់រហូតអីចឹង។ ទោះជាយ៉ាងណា ផ្លា​តូ​បានចង្អុល​បង្ហាញ​ថា ក្នុង​កែវភ្នែក​របស់​សិស្សគាត់ សូក្រាត​មាន​ភាព​ទាក់ទាញ​មួយបែប មិនមែន​ផ្អែកលើ​រូបរាងទេ ប៉ុន្តែ​លើសមត្ថភាព​​ពិភាក្សា​ដេញដោលដ៏​ឆ្លាតវៃ និង​គំនិត​ដ៏​មុតស្រួច​របស់គាត់។ សូក្រាត​តែងតែ​​សង្កត់ធ្ងន់​លើ​សារៈសំខាន់​របស់ចិត្ត​ជាជាង​​រាងកាយ​មនុស្ស​។ ការថ្លែងបែបនេះ​បានជំរុញ​ដល់​ទស្សនវិជ្ជារបស់ផ្លាតូ​​អំពីការ​បែងចែក​ការពិត​ទៅជា​ពីរផ្នែក គឺពិភព​​វិញ្ញាណ និង​ពិភពគំនិត ដោយ​ប្រកាសថា មានតែ​ពិភពគំនិត​ទេដែលមានសារៈសំខាន់។​
ទស្សនវិទូ

សូក្រាត​មានជំនឿថា ទស្សនវិជ្ជាគួរតែ​សម្រេច​បាន​លទ្ធផល​ជាក់ស្ដែង​​សម្រាប់​សុខុមាលភាព​សង្គម។ គាត់​បាន​ប៉ុនប៉ង​បង្កើត​ប្រព័ន្ធ​​សីលធម៌​មួយ ផ្អែក​លើ​ហេតុផលមនុស្ស​ជាជាង​ទ្រឹស្ដី​សាសនា។ គាត់​បាន​ចង្អុល​បង្ហាញថា ជម្រើស​របស់មនុស្ស​​ត្រូវបានជំរុញ​ដោយ​​មហិច្ឆិតា​ចង់បាន​សេចក្តីសុខ។ គតិបណ្ឌិតចុងក្រោយ​កើតមកពី​ការស្គាល់ខ្លួនឯង។ បើបុគ្គល​ម្នាក់​ស្គាល់​ខ្លួន​ឯង​កាន់តែច្រើន សមត្ថភាព​របស់បុគ្គលនោះ​ក្នុងការ​រក​​ហេតុផល និង​ធ្វើការ​សម្រេច​ចិត្ត​ ដើម្បី​​នាំ​មកនូវ​សេចក្តីសុខ​ពិត​ កាន់​តែ​ខ្លាំងដែរ។ សូក្រាត​ជឿថា ចំណុចនេះ​អាច​យក​មក​អនុវត្ត​ក្នុង​នយោបាយ ដោយ​ទម្រង់​​នៃ​រដ្ឋាភិបាល​ល្អបំផុត​គឺ​មិនមែនជា​អំណាច​ផ្ដាច់ការ ហើយក៏​មិនមែនជា​លិទ្ធិ​ប្រជាធិបតេយ្យ​ដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ធ្វើការ​បានល្អបំផុត​ នៅពេល​ដែល​គ្រប់គ្រង​ដោយ​បុគ្គល​ ដែល​មាន​សមត្ថភាព​ ចំណេះដឹង និង​គុណធម៌​ល្អបំផុត និង​មាន​ការ​យល់​ដឹងពេញលេញ​អំពី​ខ្លួនឯង។
សម្រាប់​សូក្រាត អាតែន​គឺជា​បន្ទប់រៀនមួយ ហើយ​គាត់​បាន​ដើរ​សួរ​សំណួរទៅកាន់​អភិជន ក៏ដូចជា​បុគ្គល​សាមញ្ញនានា ដើម្បី​ស្វែងរក​ការបកស្រាយ​ការពិត​ផ្នែក​នយោបាយ និង​សីលធម៌។ សូក្រាត​មិនបាន​បង្រៀន​អ្វីដែលគាត់​ដឹងទេ។ តាមពិតគាត់អះអាងថា គាត់​មិនដឹងអ្វីទេ ពីព្រោះគាត់​គ្មានគំនិត ប៉ុន្តែ​ឆ្លាតវៃ ពីព្រោះ​គាត់​ដឹងថា ខ្លួនឯង​មិនដឹងអ្វីសោះ។ គាត់​បានសួរសំណួរ​ដល់​​អ្នក​រស់នៅ​អាតែន​ជាមួយ​លោកតាម​វិធីសាស្ត្រ​ជជែក​ដេញដោលមួយ (វីធីសាស្ត្រ​សូក្រាត) ដែល​ធ្វើឱ្យ​អ្នក​ស្ដាប់​គិតអំពី​បញ្ហាដើម្បី​សម្រេចបាន​ការសន្និដ្ឋាន​​ដ៏​ត្រឹមត្រូវ​មួយ។ ជួនកាល ចម្លើយ​ហាក់ដូចជា​មានភាព​ជាក់ស្ដែងណាស់ ហើ​យ​វាធ្វើ​ឱ្យ​​គូប្រកួត​របស់​សូ​ក្រាត​មើលទៅ​ល្ងង់។ ដោយ​ហេតុនេះ គាត់​ទទួលបាន​ការ​កោតសរសើរ​ដោយ​បុគ្គល​មួយចំនួន ហើយ​រង​ការរិះគន់​ដោយ​បុគ្គល​ផ្សេងទៀត។
ក្នុងជីវិតរស់នៅរបស់​សូក្រាត អាតែន​បានឆ្លងកាត់​អន្តរកាល​យ៉ាង​ខ្លាំង​ចាប់ពី​អនុត្តរភាព​ក្នុង​ពិភព​បុរាណ ដល់​ការធ្លាក់ចុះវិញ បន្ទាប់ពីការ​ច្បាំង​ចាញ់​យ៉ាង​អាម៉ាស់​ជាមួយ​ស្ប៉ាតា (Sparta) នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​ប៉េឡូប៉ូនេស៊ី (Peloponnesian War)។ អ្នក​នៅអាតែន​បាន​ធ្លាក់ចូល​ទៅក្នុង​​សម័យកាល​អស្ថិរភាព​ និង​ភាព​សង្ស័យ​អំពី​អត្តសញ្ញាណ និង​ទីតាំង​របស់ខ្លួន​នៅ​លើផែនដីនេះ។ ជាលទ្ធផល ពួកគេ​ក៏​សម្រេច​ចាប់​យក​ភាព​រុងរឿង ទស្សនទាន​អំពី​ភាព​សម្បូរហូរហៀរ និង​ផ្នត់គំនិតអំពី​សម្រស់​រាងកាយ​ដែលមានពីអតីតកាល។ សូក្រាត​បាន​រិះគន់លើ​តម្លៃ​ទាំងនេះ​ដោយ​​ធ្វើ​ការសង្កត់ធ្ងន់​ឥតឈប់ឈរ​អំពី​សារៈសំខាន់​នៃ​ចិត្ត។ ទោះបីជា​អ្នក​នៅអាតែន​កោតសរសើរ​អំពី​ការ​ប្រកួតប្រជែងរបស់​សូក្រាត​នឹងជំនឿ​​ទូទៅរបស់​ក្រិច និង​ការធ្វើបែបនេះ​ដោយ​កំប្លុកកំប្លែងក៏ដោយ ក៏​អ្នក​ដទៃទៀត​មានការខឹងសម្បារ និង​គាត់​បាន​គំរាមកំហែងដល់​មាគ៌ាជីវិត​ និង​អនាគត​មិន​ពិតប្រាកដ​របស់ពួកគេ។
ការ​កាត់ទោសប្រហារជីវិត
 ចៅក្រម​បាន​ប្ដូរគំនិត​តាម​ការ​អះអាង​របស់​សូក្រាតឡើយ ហើយ​បាន​ដាក់ទោសគាត់​តាម​សំឡេង​​ឆ្នោត ២៨០ ទល់នឹង ២២១។ សម្តីគឃ្លើន​របស់​គាត់​អាច​ជា​កត្តា​​បណ្ដាល​ឱ្យ​មាន​ការ​ចេញ​ដីការបែបនេះ ហើយ​គាត់​ធ្វើ​ឱ្យ​រឿងនេះកាន់តែធ្ងន់ធ្ងរ​ថែមទៀត​ក្នុអំឡុងពេល​ពិចារណា​លើ​ការ​ដាក់ទោសគាត់។ ច្បាប់​អាតែន​​អនុញ្ញាត​ឱ្យ​​ពលរដ្ឋ​ដែល​ជាប់ទោស​ធ្វើការ​ស្នើ​សុំ​ការ​ដាក់ទោស​មួយ​ផ្សេងទៀត​​ក្រៅពីការ​ប្រហារជីវិត ហើយ​ចៅក្រម​នឹង​ធ្វើការ​សម្រេចតាមក្រោយ។ ផ្ទុយពីការ​ស្នើសុំ​និរទេសខ្លួន សូក្រាត​បានស្នើ​ថា ឱ្យ​គាត់ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​ពី​ទីក្រុងនេះ​ចំពោះការ​រួមចំណែករបស់គាត់​ទៅលើ​ឈ្វេងយល់​របស់​ពួកគេ និង​​ផ្ដល់​ការ​តបស្នង​ចំពោះ​ការ​រួមចំណែកនេះ។ ចៅក្រម​មិនសើច​សប្បាយ​នឹងសម្ដីទាំងនេះឡើយ ហើយ​ក៏​បាន​កាត់ទោស​ប្រហារជីវិតគាត់ ដោយ​ផឹក​ថ្នាំពុលដ៏​កាចសាហាវមួយ។
មុនការប្រហារជីវិត​របស់​សូក្រាត មិត្តភក្ដិ​បាន​សូកអ្នក​យាម​គុក និង​ជួយ​សង្គ្រោះ​គាត់ ដើម្បី​ឱ្យ​គាត់​និរទេស​ខ្លួន។ គាត់​បាន​បដិសេធ ដោយ​លើកឡើងថា គាត់​មិនខ្លាចស្លាប់ឡើយ និង​មានអារម្មណ៍ថា ការនិរទេសខ្លួន​​មិន​ធ្វើ​ឱ្យ​គាត់​ប្រសើរឡើយ ហើយ​បាននិយាយថា គាត់​នៅតែជា​ពលរដ្ឋ​ស្មោះត្រង់​ម្នាក់​នៅអាតែន និង​មានឆន្ទៈ​គោរព​តាម​ច្បាប់ ទោះបីជា​ត្រូវ​ថ្កល់ទោស​គាត់​ឱ្យ​ស្លាប់ក៏ដោយ។ ផ្លាតូ​បាន​រៀបរាប់អំពី​ការ​ប្រហារជីវិត​សូក្រាត​នៅក្នុង​កិច្ច​សន្ទនា ផែដូ របស់គាត់៖ សូក្រាត​បាន​ផឹក​ថ្នាំពុល​ដោយ​មិន​ស្ទាក់ស្ទើរ។ ភាព​ស្ពឹក​បាន​ជ្រាបចូល​ក្នុងខ្លួន​របស់​គាត់​បន្តិចម្ដងៗ រហូត​ដល់​បេះដូងរបស់គាត់។ បន្តិចមុន​គាត់​ក៏​ដាច់​ដង្ហើម សូក្រាត​បាន​រៀបរាប់​ការ​ស្លាប់​របស់​គាត់​ជា​ការ​ដោះលែង​ព្រលឹង​ចេញពីខ្លួនប្រាណ៕ -
©រក្សាសិទ្ធិ (ប្រែសម្រួលដោយ​​វ៉េត សុធា)